ក្លាយ​ជា​មនុស្ស​ស្រី​រឹង​មាំ និង​​កាន់​តែ​មាន​តម្លៃ ​បើ​អ្នក​​ធ្វើ​បាន​១០​ចំណុច​នេះ

ក្លាយ​ជា​មនុស្ស​ស្រី​រឹង​មាំ និង​​កាន់​តែ​មាន​តម្លៃ ​បើ​អ្នក​​ធ្វើ​បាន​១០​ចំណុច​នេះ

ចំណេះដឹង 0 Comment 5

សម័យ​នេះ​មនុស្ស​ស្រី​យើង​ក៏​ត្រូវ​ Upgrade ខ្លួន​ឯង​ឲ្យ​កាន់​តែ​ខ្ពស់​ដែរ​មែន​អត់? បើ​មាន​តែ​សម្រស់​​​ស្អាត​បាត​តែ​ខាត​ចំណេះ​​ដឹង​​ក៏​មិន​បាន​ដែរ គឺ​ត្រូវ​មាន​ភាព​រឹង​មាំ​ដោយ​ខ្លួន​ឯង។ ហើយ​បើ​ចង់​ដឹង​ថា​បែប​ណា​ទើប​គេ​ហៅ​ថា​រឹង​មាំ Kanha សូម​សង្ខេប​យក​ចំនុច​សំខាន់ៗ​ចំនួន​១០។​​ តាម​មក​មើល​ទាំង​អស់​គ្នា​តែ​ម្ដង ពេល​ខ្លះ​​ចំណុច​ទាំង​អស់​នេះ​អាច​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​កាន់​តែ​ងាយ​ក៏​ថា​បាន!

១០. ស្រឡាញ់​ខ្លួន​ឯង

ជា​អ្វី​ដែល​មនុស្ស​ស្រី​គ្រប់​គ្នា​គួរ​តែ​មាន! ព្រោះវា​ធ្វើ​ឲ្យ​​មនុស្ស​ស្រី​មាន​ក្ដី​សុខ និង​មាន​តម្លៃ ជា​ចំណុច​ចាប់​ផ្ដើម​​របស់​គ្រប់​យ៉ាង ហើយ​ការ​ដែល​យើង​ចេះ​ស្រឡាញ់​ខ្លួន​ឯង​នោះ​នឹង​ធ្វើ​ឲ្យ​អ្នក​ដទៃ​ធ្វើ​ល្អ​មក​លើ​យើង ដូច​ដែល​យើង​ប្រតិបត្តិ​ចំពោះ​ខ្លួន​ឯង។ ប៉ុន្តែ​មិនមែន​ចង់​ឲ្យ​ក្លាយ​ជា​មនុស្ស​អាត្មា​និយម​ទេ​ណា អ្វី​ដែល​ចង់​សំដៅ​នៅ​ទី​នេះ​គឺ​គួរ​យក​ចិត្ត​ទុក​ដាក់​ និង​មើល​ថែ​ខ្លួន​ឯង​ឲ្យ​មាន​ក្នុង​សុខ​ក្នុង​ការ​រស់​នៅ​ប៉ុណ្ណោះ​ទេ។

៩. ស្មោះ​ត្រង់​ជាមួយ​ខ្លួន​ឯង

មនុស្ស​ដែល​យើង​គួរ​ផ្ដល់​តម្លៃ​ខ្លាំង​បំផុត​គឺ “ខ្លួន​ឯង” ព្រោះ​នៅ​ពេល​ដែល​យើង​ធ្វើ​អ្វី​ដោយ​បង្ខំ​ចិត្ត ឬ​កុហក​ខ្លួន​ឯង គ្រប់​យ៉ាង​នឹង​​ទទួល​បាន​ផល​មិន​ល្អ​ជានិច្ច។ ដូច្នេះ​ហើយ​កុំ​ខ្លាច​​នឹង​ជឿ និង​ធ្វើ​តាម​បេះដូង​ខ្លួន​ឯង។ យើង​កើត​មក​ដើម្បី​ប្រើ​ជីវិត​ឲ្យ​មាន​ក្ដី​សុខ​។ ដល់​ពេល​ហើយ​ដែល​យើង​គួរ​ផ្ដល់​ឱកាស​ឲ្យ​ខ្លួន​ឯង​​ ធ្វើ​អ្វី​ដែល​ខ្លួន​ស្រឡាញ់ និង​ធ្វើ​វា​ឲ្យ​អស់​ពី​ចិត្ត។ ការ​ដែល​បាន​ធ្វើ​អ្វី​ដែល​ខ្លួន​ស្រឡាញ់​ ទោះ​បី​ជួប​រឿង​លំបាក​យ៉ាង​ណា វា​ក៏​ធ្វើ​ឲ្យ​យើង​មាន​ក្ដី​សុខ​​ជាមួយ​វា​ដែរ។

៨. យើង​អាច​កំណត់​ជីវិត​ខ្លួន​ឯង​បាន

កុំយក​​ជីវិត​យើង​​ទៅ​ជាប់​ជំពាក់​នឹង​អ្វី​ៗ​​គ្រប់​យ៉ាង​​រហូត​​ធ្វើ​ឲ្យ​យើង​​មិន​រីក​ចម្រើន ឬ​បន្ត​ដំណើរ​ទៅ​មុខ​មិន​បាន! ត្រូវ​ចាំ​ទុក​ថា​ជីវិត​នេះ​គឺ​ជា​​របស់​យើង ដូច្នេះ​មាន​តែ​យើង​ម្នាក់​ប៉ុណ្ណោះ​ដែល​អាច​កំណត់​វា​បាន។ បើ​រវល់​តែ​ស្ដាប់​អ្នក​នេះ ចាំ​អ្នក​នោះ ដូច្នេះ​ពេល​ណា​ទើប​ជីវិត​យើង​ជោគជ័យ​បាន? កុំ​ភ្លេច​ថា​ពេល​វេលា​មិន​រង់​ចាំ​អ្នក​ណា​ទេ!

៧. ជឿជាក់​លើ​ខ្លួន​ឯង

របស់​ដែល​អាច​បន្ថែម​កម្លាំង​ឲ្យ​ខ្លួន​យើង​ច្រើន​បំផុត​គឺ “ជំនឿ​ចិត្ត”។ ជឿ​លើ​អ្វី​ដែល​យើង​គិត ជឿ​លើ​អ្វី​ដែល​យើង​ធ្វើ ហើយ​ជឿ​លើ​ខ្លួន​ឯង!  ព្រោះ​វា​នឹង​ជា​កម្លាំង​មហាសាល​ដែល​នឹង​ជួយ​ជំរុញ​ឲ្យ​យើង​ឆ្ពោះ​ទៅ​កាន់​ជោគជ័យ​បាន​កាន់​តែ​ច្រើន។

៦. ផ្ដល់​ក្ដី​សុខ​ឲ្យ​ខ្លួន​ឯង

ដូច​ដែល​បាន​រៀបរាប់​​ហើយ​ថា យើង​កើត​មក​ដើម្បី​ប្រើ​ជីវិត​ឲ្យ​មាន​ក្ដី​សុខ ដូច្នេះ​នៅ​ពេល​ធ្វើ​អ្វី​បាន​ជោគជ័យ​ក៏​គួរ​ផ្ដល់​រង្វាន់​ឲ្យ​ខ្លួន​ឯង​ខ្លះ។ នាំ​ខ្លួន​ឯង​ទៅ​កន្លែង​ល្អ​ៗ​ដើម្បី​​សម្រាក​លំហែ​ចិត្ត​ ឬ​ធ្វើ​អ្វី​ក៏​បាន​ដែល​អាច​បន្ថែម​ថាមពល​ផ្លូវ​ចិត្ត​ខ្លួន​ឯង​បាន។ នេះ​ជា​រឿង​សំខាន់​ខ្លាំង​ណាស់ ព្រោះ​នៅ​ពេល​ដែល​យើង​មាន​ក្ដី​សុខ គ្រប់​យ៉ាង​ដែល​យើង​ធ្វើ​​គឺ​នឹង​​ចេញ​លទ្ធផល​ល្អ​តាម​នោះ​ដែរ។

៥.​ ផ្ដល់​ថាមពល​ឲ្យ​មនុស្ស​នៅ​ជុំវិញ​ខ្លួន

អ្នក​ណា​ៗ​ក៏​ត្រូវ​ការ​កម្លាំង​ជំរុញ​​ដែល​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ល្អ​ទាំង​អស់​គ្នា​ហ្នឹង អាច​ជា​សកម្មភាព ឬ​ពាក្យ​សម្ដី ប៉ុន្តែ​អ្វី​ដែល​ប្លែក​គឺ​មនុស្ស​ស្រី​ភាគ​ច្រើន​ក្នុង​សម័យ​នេះ​បែរ​ជា​ចាំ​ចាប់​កំហុស​គ្នា និង​និយាយ​អ្វី​ឲ្យ​អ្នក​ដទៃ​បាត់បង់​ជំនឿ​ចិត្ត​ទៅ​វិញ! បើ​ចង់​ក្លាយ​ជា​ស្ត្រី​ដែល​រឹង​មាំ​មាន​តម្លៃ គឺ​ត្រូវ​បញ្ឈប់​សកម្មភាព​ទាំង​អស់​នេះ ហើយ​ងាក​មក​ផ្ដល់​ថាមពល​ក្នុង​ផ្លូវ​វិជ្ជមាន​ឲ្យ​​មនុស្ស​ជុំវិញ​ខ្លួន​ខ្លះ ធានា​ថា​អ្នក​នឹង​ក្លាយ​ជា​មនុស្ស​ដែល​​កាន់​តែ​មាន​មន្ត​ស្នេហ៍​ទ្វេរ​ដង។

៤. សាក​ល្បង​ធ្វើ​អ្វី​ពិបាក​ៗ

ដើម្បី​ក្លាយ​ជា​នារី​រឹង​មាំ​បាន គឺ​ចាំបាច់​ត្រូវ​ឆ្លង​កាត់​រឿង​ពិបាក​ៗ​ជាមុន​សិន! ព្រោះ​ប្រសិន​បើ​អ្នក​មិន​ធ្លាប់​មាន​បទពិសោធន៍​លំបាក​ៗ​មក​ពី​មុន​ទេ តើ​​អ្នក​នឹង​រឹងមាំ​បាន​ដោយ​របៀប​ណា​? កុំ​ខ្លាច​នឹង​រត់​ចូល​អ្វី​ក៏​ដោយ​ដែល​នឹង​ជួយ​អភិវឌ្ឍ​ជីវិត​របស់​អ្នក ហើយ​ប្រសិន​បើ​អ្នក​ឆ្លង​កាត់​វា​បាន អ្នក​នឹង​ដឹង​ថា​អ្នក​មាន​ភាព​ជឿជាក់​កាន់​តែ​ខ្លាំង មាន​អារម្មណ៍​ថា​មាន​ថាមពល និង​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការ​ស៊ូ​ជាមួយ​បញ្ហា​គ្រប់​យ៉ាង​ដោយ​មិន​ភ័យ​ខ្លាច។

៣. រឹងមាំ​ ជួយ​យឹតយោង​​អ្នក​ដទៃ

មនុស្ស​ស្រី​រឹង​មាំ​ពិត​ប្រាកដ គ្មាន​ថ្ងៃ​ដែល​បោះបង់​ចោល​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ទេ។ ពួក​នាង​ប្រាកដ​ជា​មាន​សភាវៈ និង​ភាព​ជា​អ្នក​ដឹកនាំ ​មាន​ភាព​ក្លៀវក្លា និង​ប្រើ​សក្ដានុពល​របស់​ខ្លួន​​ឯង​ដើម្បី​ជួយ​ដល់​អ្នក​ដទៃ​ជានិច្ច​ហើយ​ចំណុច​​នេះ​ហើយ​ដែល​ធ្វើឲ្យ​នាង​ក្លាយ​ជា​មនុស្ស​ជា​ទី​ស្រឡាញ់​ និង​គោរព​សរសើរ​របស់​គ្រប់​គ្នា។

២. រក្សា​មិត្ត​ល្អ​ៗ​នៅ​ក្បែរ​ខ្លួន

មិត្ត​ណា​ដែល​អាច​ផ្ដល់​​ថាមពល​ឲ្យ​យើង​បាន និង​ធ្វើ​ឲ្យយើង​គិត​ផ្លូវ​វិជ្ជមាន​បាន​រហូត គឺ​ត្រូវ​រក្សា​គេ​ឲ្យ​នៅ​ក្បែរ​ខ្លួន​បំផុត ព្រោះ​មិត្ត​ដែល​មាន​បំណង​ល្អ​ដោយ​ស្មោះ​ជាមួយ​យើង​គឺ​មិន​មាន​ច្រើន​ទេ។ កុំ​ស្រឡាញ់​តែ​មិត្តភ័ក្ដិ​ដែល​បបួល​អ្នក​​និយាយ​តែ​ដើម​អ្នក​ដទៃ​រាល់​ថ្ងៃ និង​មិន​ត្រូវ​ភ័យ​ខ្លាច​ក្នុង​ការ​​ផ្ដាច់​ទំនាក់ទំនង​ជាមួយ​មិត្តភ័ក្ដិ​ដែល​នាំ​យើង​ទៅ​រក​តែ​ផ្លូវ​អវិជ្ជមាន និង​គិត​អវិជ្ជមាន​នោះ​ឡើយ។

១. កំណត់​ស្តង់ដារ​សម្រាប់​ខ្លួន​ឯង

ធំ​ហើយ ឈប់​ប្រើ​ពាក្យ​ថា “អ្វី​ក៏​បាន” ទៀត! អ្នក​គួរ​កំណត់​ស្ដង់ដារ​សម្រាប់​ខ្លួន​ឯង​ខ្លះ។ គ្រប់​គ្នា​សុទ្ធ​តែ​សក្ដិសម​នឹង​ទទួល​បាន​ទង្វើ​ល្អ​ៗ ពី​មនុស្ស​ល្អ​ៗ និង​ប្រើ​របស់​ដែល​មាន​គុណភាព។ កុំ​រក​មើល​តែ​របស់​ថោក​ៗ​គ្មាន​ស្តង់ដារ ឬ​រក​អ្នក​ណា​ក៏​បាន​មក​ធ្វើ​ជា​មនុស្សកំដរ​ពេល​យើង​ឯកោ ព្រោះ​ទី​បំផុត​អ្វី​ទាំង​អស់​នោះ​នឹង​ផ្ដល់​ផល​អាក្រក់​មក​យើង​ដដែល គ្រាន់​តែ​​វា​យូរ​ហើយ​និង​ឆាប់​​ប៉ុណ្ណោះ។

loading...

Comments

comments

Leave a comment

Search

Back to Top