Loading...
ជីវប្រវត្តិសង្ខេប លោក អ៊ុំ សំអាន ពីក្មេងឃ្វាលក្របី ក្លាយជាអ្នកតំណាងរាស្រ្ត ជាអ្នកស្រាវជ្រាវផែនទីព្រំដែន ជាអ្នកទោសមនសិការ និង ជាអ្នកជាតិនិយមដ៏ឆ្នើម

ជីវប្រវត្តិសង្ខេប លោក អ៊ុំ សំអាន ពីក្មេងឃ្វាលក្របី ក្លាយជាអ្នកតំណាងរាស្រ្ត ជាអ្នកស្រាវជ្រាវផែនទីព្រំដែន ជាអ្នកទោសមនសិការ និង ជាអ្នកជាតិនិយមដ៏ឆ្នើម

ចំណេះដឹង, ព័តមាន 0 Comment 8

(អត្ថបទដោយ ម៉ែន ណាត)៖
តំណាងរាស្រ្តខេត្តសៀមរាប មកពីគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន បានចំណាយពេលច្រើនឆ្នាំ ក្នុងជីវិតរបស់លោក ក្នុងការតស៊ូប្រឆាំងនឹង វៀតណាម លើបញ្ហាព្រំដែន ចាប់តាំងពីលោកនៅជាយុវជន បើទោះបីពេលនោះ ស្ថានភាពនយោបាយនៅកម្ពុជា ស្ថិតក្នុងភាពគ្រោះថ្នាក់ក៏ដោយ។

កើតនៅឆ្នាំ១៩៧៣ នៅរាជធានីភ្នំពេញ ក្នុងគ្រួសារមួយដែលមានឪពុកជាប៉េអឹម កាលពីសម័យលន់នល់ លោក អ៊ុំ សំអាន បានធំធាត់នៅឃុំដើមពោធិ ឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត។ ពេលនៅកុមារភាព ជាក្មេងឃ្វាលក្របីម្នាក់ កំពុងសិក្សាថ្នាក់បឋមសិក្សា លោក អ៊ុំ សំអាន មានសេចក្តីប្រាថ្នា ចង់ក្លាយជាតំណាងរាស្រ្តមួយរូប នៅពេលអនាគត។ លោកបញ្ចាក់ថា «កាលនៅក្មេងៗហ្នឹង មានអារម្មណ៍មួយថា ត្រូវខំរៀន… ថ្ងៃក្រោយចង់ធ្វើការងារធំដុំនឹងគេ ចង់ធ្វើជាតំណាងរាស្រ្ត ស្រមៃថាអ៊ីចឹង។ ដល់ហើយក្មេងៗ គេសើចចំអកថា យី! អ្នកឃ្វាលក្របីអ៊ីចឹង មកចង់ធ្វើតំណាងរាស្រ្ត អ៊ីចឹងទៅធ្វើក្មេងៗឯទៀត គេពេបជ្រាយ។ ខ្ញុំដូចថា មានឧត្តមគតិតាំងពីក្មេងមក ចង់បម្រើជាតិ ស្រឡាញ់ស្រុកទេស…»។

លោក អ៊ុំ សំអាន ជាសិស្សពូកែមួយរូប ដែលតែងតែទទួលចំណាត់ថ្នាក់លេខ១ តាំងនៅថ្នាក់បឋមសិក្សា ថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យ។ ក្រោយពីបានបញ្ចប់ថ្នាក់បាក់ឌុប ឆ្នាំ១៩៩៣ លោកបានចាកចេញពីខេត្តកំពត មករាជធានីភ្នំពេញ ដើម្បីបន្តបរិញ្ញាប័ត្រផ្នែក សង្គមវិជ្ជា (ជំនាន់ទី២ ឆ្នាំសិក្សា ១៩៩៥​-​១៩៩៩)​ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ២ ជានិស្សិតទទួលបានអាហាររូបករណ៍ របស់អ៊ីតាលី ឲ្យសិក្សានៅសាកលវិទ្យាល័យ។ លោក អ៊ុំ សំអាន នៅតែជានិស្សិតពូកែ ហើយលោកត្រូវបានគេទទួលស្គាល់ថា ចេះនិយាយភាសាអង់គ្លេសបានល្អ។ ប៉ុន្តែលោកក៏ល្បីឈ្មោះ ចេញធ្វើបាតុកម្មប្រឆាំងនឹង វៀតណាម ពេលដែលថ្នាក់ដឹកនាំ វៀតណាម មកបំពេញទស្សនកិច្ចនៅកម្ពុជា។ លោកនិយាយថា សាកលវិទ្យាល័យ មិនពេញចិត្តនឹងការចេញមុខតវ៉ារបស់លោក តែមិនអាចហាមឃាត់លោកបានទេ ពីព្រោះលោកជានិស្សិតពូកែ និងជាទីពម្នាក់របស់អ្នកដទៃ នៅក្នុងសាលា។

ពេលសិក្សានៅសាកលវិទ្យាល័យ លោក អ៊ុំ សំអាន បានស្នាក់អាស្រ័យនៅ វត្តនាគវ័យ {នៅជាមួយលោក ម៉ែន ណាត ក្នុងក្រុមអ្នកជាតិនិយមដូចគ្នា} ដែលជាកន្លែងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់ស្នាក់នៅផងដែរ។ លោកនិយាយបណ្តើរសើចបណ្តើរថា «… ក្មេងវត្តនាគវ័នដូចគ្នា ហេតុម៉េចបានប្រឆាំងគ្នា? នោះមកពីមានទស្សនៈផ្សេងគ្នា។ លោក ហ៊ុន សែន គាត់បម្រើឲ្យ យួន ហើយខ្ញុំប្រឆាំង យួន ដូច្នេះវាអាចផ្ទុយគ្នា»។

និយាយពីចំណង់ចំណូលចិត្តផែ្នកនយោបាយវិញ លោក អ៊ុំ សំអាន និយាយថា លោកធ្លាប់ស្រឡាញ់ និងពេញចិត្តលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយលោកបានចុះឈ្មោះបោះឆ្នោតឲ្យលោក ហ៊ុន សែន កាលពីឆ្នាំ១៩៩៣ កាលលោករៀននៅវិទ្យាល័យ។

ទោះជាយ៉ាងណាក៏ដោយ ការស្រឡាញ់ និងពេញចិត្តលោក ហ៊ុន សែន នោះបានផ្លាស់ប្តូរទៅវិញ នៅពេលលោក អ៊ុំ សំអាន យល់ថាកម្ពុជា ជួបប្រទះនូវបញ្ហាជាច្រើនដូចជា ពលរដ្ឋគ្មានការងារធ្វើ បញ្ហាព្រំដែនជាមួយប្រទេសជិតខាង និង បញ្ហាកម្មករប្រាក់ខែតិច ជាដើម។ លោកនិយាយថា «ទៅនៅវត្តនាគវ័ន ជាបណ្តុំនិស្សិតប្រឆាំងលោក ហ៊ុន សែន។ ដល់អ៊ីចឹង យើងមានគំនិតប្រឆាំង លោក ហ៊ុន​ សែន»។

លោក អ៊ុំ សំអាន បានចាប់ផ្តើមងាកមកគាំទ្រលោក សម រង្ស៊ី ពេលលោកបានចូលជាសមាជិក ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលជាចលនាបង្កើតឡើងដោយ យុវជនបក្សសមង្ស៊ី និង ហ្វ៊ុនស៊ិនប៉ិច។ លោក យល់ថាលោក សម រង្ស៊ី មានឧត្តមគតិ ការពារព្រំដែនដូចរូបលោក។ ចាប់តាំងពីពលេនោះមក លោកបានចេញធ្វើបាតុកម្ម ប្រឆាំងលទ្ធផលបោះឆ្នោត ឆ្នាំ១៩៩៨ ។ កាលនោះ មនុស្សមួយចំនួន បានស្លាប់ដោយសារការតវ៉ា (បាតុករ ៣២ ស្លាប់ ហើយជាង ១០០ នាក់ របួស និងបាត់ខ្លួន តាមឯកសារលោក ម៉ែន ណាត)។ លោក ថ្លែងថា «កាលនោះពួកខ្ញុំ ធ្វើកាតគាំទ្រគណបក្ស សម រង្ស៊ី ហើយការបោះឆ្នោត មានភាពមិនប្រក្រតីច្រើន មានការលួចបន្លំសន្លឹកឆ្នោត (បក្សកាន់អំណាចរបស់លោក ហ៊ុន សែន) អ៊ីចឹងពួកខ្ញុំ ក៏មកចូលរួមបាតុកម្មហ្នឹង»។

លោក អ៊ុំ សំអាន បានចាប់ផ្តើមតវ៉ាលើ បញ្ហាព្រំដែន ឆ្នាំ២០០១ នៅេលដែលលោក ត្រូវបានជ្រើសរើសជាប្រធាន ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ក្រោយពីបានធ្វើជា អគ្គលេខាធិការ និង អនុប្រធាន ជាច្រើនឆ្នាំ។ លោក បានសរសេរលិខិត និងរបាយការណ៍ជាច្រើន ទៅព្រះមហាក្សត្រ នរោត្តម សីហនុ ពីបញ្ហាព្រំដែន ជាមួយប្រទេសវៀតណាម ដែលចាប់ពីពេលនោះមក លោក ហ៊ុន សែន បាស្គាល់ឈ្មោះលោក តាមរយៈលិខិតរបស់ព្រះមហាក្សត្រេ ផ្ញើទៅលោក ហ៊ុន សែន ស្តីពីការព្រួយបារម្ភរបស់យុវជន រឿងព្រំដែន ជាមួយប្រទេសវៀតណាម។

លោក អ៊ុំ សំអាន បានរំលឹកគ្រាមួយ ឆ្នាំ២០០១ ដែលលោក ដឹកនាំក្រុមនិស្សិតចូលគាល់ព្រះមហាក្សត្រ នរោត្តម ស៊ីហនុ ដែលមានវត្តមានលោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការព្រំដែនរដ្ឋាភិបាលផងដែរ។ លោក អ៊ុំ សំអាន ថាកាលនោះលោក វ៉ា គឹមហុង បាននិយាយថា «អារសាច់ជូនខ្លា ទើបនៅស្រុកបាន»។ លោកបន្តថា លោក វ៉ា គឹមហុង យកផែនទីព្រំដែនកម្ពុជា-វៀតណាម «ផែនទីក្លែងក្លាយ» ទៅថ្វាយព្រះមហាក្សត្រ ហើយកុហកថា «ជាផែនទីតម្កល់នៅអង្គការសហប្រជាជាតិ»។ ប៉ុន្តែព្រះមហាក្សត្រតបវិញថា «វ៉ា គឹមហុង យកផែនទីមកពីណា មកថ្វាយខ្ញុំ។ ខ្ញុំជាអ្នកយកផែនទី ទៅតម្កល់នៅអង្គការសហប្រជាជាតិ ដោយផ្ទាល់ដៃ រឿងអីខ្ញុំមិនស្គាល់ ផែនទីរបស់ខ្ញុំ…»។

ឆ្នាំ២០០៣ លោក អ៊ុំ សំអាន បានលាឈប់ពីប្រធាន ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ទៅឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្ត លេខរៀងទី៤ ខេត្តសៀមរាម នៃគណបក្សសម រង្ស៊ី ប៉ុន្តែមិនបានជាប់ឆ្នោតទេ។  នៅឆ្នាំ២០០៤ លោក អ៊ុំ សំអាន បានទៅរស់នៅសហរដ្ឋអាមេរិក រហូតដល់ឆ្នាំ២០១៣ ទើបលោកវិលមកឈរឈ្មោះ ជាបេក្ខជនតំណាងរាស្រ្តជាថ្មី ខេត្តសៀមរាបដដែល ក្នុងគណបក្សសង្គ្រោះជាតិ ក្រោយពេល គណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា បានរួមបញ្ចូលគ្នាជាមួយ គណបក្ស សម រង្ស៊ី នៅឆ្នាំ២០១២ រួចមក។ លោកនេះ លោកបានជាប់ឆ្នោតជា តំណាងរាស្រ្ត ជាស្ថាពរ។

ក្នុងនាមជាអ្នកតំណាងរាស្រ្ត លោក អ៊ុំ សំអាន បានបន្តឧត្តមគតិរបស់លោក តាំងពីលោកនៅជានិស្សិត ក្នុងដោះស្រាយទំនាស់ព្រំដែន រវាងកម្ពុជា និង វៀតណាម ជាបន្ត។ លោកបានដឹកនាំនិស្សិត ព្រះសង្ឃ និងសកម្មជនគណបក្សប្រឆាំងផង ចុះទៅពិនិត្យបញ្ហាព្រំដែន និងការបោះបង្គោលព្រំដែនថ្មី ជាហូរហែរ នីឆ្នាំ២០១៥។ ជាមួយគ្នានេះ លោកបានទៅស្រាវជ្រាវផែនទីព្រំដែនខ្មែរ នៅអង្គការសហប្រជាជាតិ រដ្ឋសភាអាមេរិក និង នៅទីក្រុងប៉ារីស ប្រទេសបារាំងផងដែរ។

សកម្មការងាររបស់លោក អ៊ុំ សំអាន បានរកឃើញថា រដ្ឋាភិបាល ហ៊ុន សែន មិនមែនជាអ្នករដ្ឋាភិបាល ដែលការពារផលប្រជយោជន៍ជាតិ និង បូរណភាពទឹកដីពិតប្រាកដទេ។ រដ្ឋាភិបាល ហ៊ុន សែន ប្រើប្រាស់ផែនទីព្រំដែន ដែលបានបោះពុម្ពឡើងវិញ ដោយប្រទេសវៀតណាម ដែលជាផែនទីអមសន្ធិសញ្ញាព្រំដែនខុសច្បាប់ ឆ្នាំ១៩៨៥។ ហើយសន្ធិសញ្ញានេះ ត្រូវបានយកមកផ្តល់សច្ចាប័នជាថ្មី ដាក់ថា «សន្ធសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ២០០៥» ដែលមានរឿងចម្រូងចម្រាសធ្ងន់ធ្ងរ រហូតដល់លោក ហ៊ុន សែន គំរាមផ្លាស់ប្តូររបបដឹកនាំប្រទេសទៀតផង។

លោក អ៊ុំ សំអាន ត្រូវបានចាប់ខ្លួនទាំងនៅមាន អភ័យឯកសិទ្ធិតំណាងរាស្រ្ត នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ នៅខេត្តសៀមរាប ក្រោយពេលប៉ុន្មានម៉ោង បន្ទាប់ពីលោក វិលត្រឡប់ពីសហរដ្ឋអាមេរិក។ មតិជាតិ និងអន្តរជាតិ បានធ្វើការថ្កោលទោសចំពោះការចាប់ខ្លួននេះថា ជាការរំលោករដ្ឋធម្មនុញ្ញ មាត្រា៨០ និងច្បាប់។ លោក ត្រូវបានតុលាការ កាត់ទោសឲ្យជាប់គុណ ២ឆ្នាំ ៦ខែ និងបង់ពិន័យជាទឹកប្រាក់ ៤ លានរៀល កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦៕

ឯកសារពិគ្រោះ៖ (វីដេអូ VOD, វិទ្យុអាស៊ីសេរី RFA Khmer, វិទ្យុ VOA Khmer, កាសែត ថ្មីៗ)។
មានវីដេអូខ្លះៗអំពីការងារលោក អ៊ុំ សំអាន ៖

Comments

comments

Leave a comment

Search

Back to Top